khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អនុញ្ញាតឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
    ក្នុងជំនួបនេះ ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលបាននិងកំពុងរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។ ឯកឧត្តមបានគូសបញ្ជាក់ថា ផ្លែផ្កានៃទំនាក់ទំនងដ៏ល្អប្រសើរនេះ កើតចេញពីចក្ខុវិស័យ និងការខិតខំយ៉ាងសកម្មរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលជាស្ថាបនិកក្នុងការផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឡើងវិញនៅឆ្នាំ១៩៩៧ និងជំរុញទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ រីកចម្រើនរហូតដល់បច្ចុប្បន្ន ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ។ ឯកឧត្តមប្រធានស្តីទី ព្រឹទ្ធសភា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានចំណងមិត្តភាពរឹងមាំ និងមានសក្តានុពលធំធេងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងកម្រិតស្ថាប័ននីតិប្បញ្ញត្តិ។
    ឯកឧត្តមប្រធានស្តីទី ព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានបន្តគាំទ្រដល់ការអភិវឌ្ឍកម្ពុជា តាមរយៈគម្រោងជាច្រើនក្រោមក្របខ័ណ្ឌ ODA, KOICA និង EDCF។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការទូតសភា ក្រោមការដឹកនាំរបស់សម្តេចតេជោប្រមុខរដ្ឋស្តីទី ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រុមមិត្តភាពសភា ការផ្លាស់ប្តូរទស្សនកិច្ច និងការពង្រឹងយន្តការសម្របសម្រួលរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្លែផ្កាបន្ថែមទៀត ហើយបានសម្តែងបំណងជំរុញទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ពីកម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រ» ទៅកាន់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
    ជាកិច្ចឆ្លើយតប ឯកឧត្តម KIM Chang Yong បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក្នុងការពូនជ្រំ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ផងដែរថា ឆ្នាំ២០២៧ ដែលជាខួបលើកទី៣០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ គឺជាកាលានុវត្តភាពដ៏សំខាន់សម្រាប់លើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានទៅកម្រិតថ្មីមួយទៀត។
    ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលកន្លងមកទទួលបានលទ្ធផលជាក់ស្តែងគួរឱ្យកត់សម្គាល់។ឯកឧត្តមប្រធានស្តីទី ព្រឹទ្ធសភា បានគូសបញ្ជាក់ថា កម្ពុជា បន្តគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយចាត់ទុកថា បទល្មើសឆបោកអនឡាញ គឺជាបញ្ហាសកល ដែលទាមទារឱ្យមានការសហការយ៉ាងជិតស្និទ្ធពីបណ្តាប្រទេសពាក់ព័ន្ធ។
    ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់អំពីការពង្រឹងទំនាក់ទំនងរវាងប្រជាជន ជាពិសេសតាមរយៈការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញ ការផ្តល់អាហារូបករណ៍ និងការបង្កើនឱកាសសិក្សា និងការងារដល់យុវជនកម្ពុជា។
    ចុងបញ្ជប់ ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ និងបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជន និងប្រទេសទាំងពីរ។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ